khmerforsocial

Discussions

loading...

Breaking

Tuesday, August 18, 2015

បុរេប្រវត្តិសាស្រ្តខ្មែរ


សម័យបុរេប្រវត្តិសាស្រ្តខ្មែរ

សម័យបុរេប្រវត្ដិគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ ។ នៅភូមិភាគអាស៊ីគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន្យាង (Plissement caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែលធ្វើឲផុសឡើងនៅខ្ពង់រាបនិងជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃ ។ បន្ទាប់មកក៏បានលិចទៅវិញដោយទៅសមុទ្រនៅស័កទី៣ ។ នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល ។ ដីខ្មែរក៏ដុះឡើងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុងស័កទី៤មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត ។ នៅចន្លោះពី៦០០០០០ដល់៥០០០ឆ្នាំមុនគ.ស.ទឹកសមុទ្របាននាចថយទៅពី១៣០ដល់១៨០ម៉ែត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ) ។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិននិងប្រជុំកោះអាំងស៊ុយឡាំង (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ ។ នៅប្រមាណ១៥០០០ឆ្នាំមុនគ.ស. ទឹកសមុទ្រជោរបានកំពស់១៥ម៉ែត្រដែលបណ្ដាលឲទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ ។ នៅសតវត្សទី៣មុនគ.ស.ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង ។ ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាប់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការ។

បុរេប្រវត្តិ
សូមមើល: បុព្វប្រវត្ដិសាស្រ្ដខ្មែរ បន្ថែមបុរេប្រវត្តិកម្ពុជាត្រូវគេដឹងតិចតួចណាស់ ។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ.[២] ហើយក៏សំខាន់ផងដែរគឺស្ថានីយ សំរោងសែនដែលបានតាំងនៅប្រហែល២៣០ដល់៥០០ម.គ. ។ ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំដុះស្រូវ ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក ។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដល់ក្នុងឆ្នាំ១០០ម.គ. ។ផែនទីនៃ'ដីក្រហម' ដីលើករាងមូលនៅកម្ពុជានិងវៀតណាម ។ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុងពេលសហវត្សទីមួយនិងទីពីរម.គ.នៅ

ក្នុងវប្បធ៌មយុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគអាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូចិន ។ នៅសតវត្សទីមួយនៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទង រៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាល នៃយុគដំបូងខាងវប្បធ៌មនិងជំនាញបច្ចេកទេស ។ ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃនិងឡាវ ទៅទៀត ។ ពួកមនុស្សទាំងនេះប្រហែលគឺជាជនជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួន ដែលឥឡូវតាំងទីលំនៅនៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច ។ ពួកគេបានស្លលោហៈ រួមមាន ដែកនិងសំរិទ្ធិ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង ។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូល ដែលចុះកាលកំណត់សម័យកាលយុគថ្មរំលីងនៃកម្ពុជា ។ 

ស្ថានីយបុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲដិតដល់ខ្លាំងទេ ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះខេត្តក្រចេះនិងស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ ។ ហើយគេរកឃើញស្ថានីយចំនួន៦ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ ។ស្ថានីយសំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយនេះមានកំពស់៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា ។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩ ។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើការុករកនៅទីនោះ ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍ ។
អន្លង់ផ្ដៅគឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយខាងលើដែរ ។ លោកម៉ងស៊ុយជាអ្នករកឃើញស្ថានីយនេះនៅឆ្នាំ១៩០២ ។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣ ស្ថានីយនេះថ្មីជាងស្ថានីយខាងលើពីរព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ ។ វត្ថុដែលគេរកឃើញក្នុងស្ថានីយទាំង៣នេះគឺ៖
ពីថ្មរំលីង: ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើយកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
ពីសំបកខ្យង: អង្កាំ ទំហូ
ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ ។
ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
សំណល់ផ្ទះបាយ: ធ្យូង ។យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ ។ ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ ។ នៅឆ្នាំ១៩០១គេរកឃើញលលាដ៍ក្បាល១នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៏ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិបូជាសពតាមបែបឥណ្ឌានៅឡើយ ។ បើតាមកំពស់ដីល្បប់៥ម.គ្របលើស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល១០០រឺ២០០ឆ្នាំមុនគ.ស. ។
ស្ថានីយព្រែកឆ្លូង (ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ១៩២០ដោយលោកB.P.Groslier គាត់បានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញវៀតណាមមកកាន់មកឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ ។ គាត់បានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីបញ្ជាក់នៅអំនាងនេះលោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។ គាត់បានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង ។ គាត់ថានេះគឺជាជំរុំដែលមានការពារយ៉ាងម៉ត់ចត់មាំមួន ។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុមខ្លះ យកតាមរបស់ធ្វើពីលង្ហិន ។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩ លោកនិងលោកស្រីMourerជាសាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវត្ថុវិទ្យា និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង៥គ.ម. ។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា ។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (G ១៤) ៖
ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)
ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល)Carbonnel និង (ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦និង១៩៦៩ ។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ៣៤២០ឆ្នាំម.គ. ។
ជីវភាពមនុស្ស
បើតាមលោកAymonierរកឃើញ នៅឆ្នាំ១៩០១បានឲដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមានមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង ។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង)រឺលើខ្ពង់រាប (មនុស្សសម័យមេមត់) ។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺខាងជើងបន្តិចទៀត (ម្លូព្រៃ) ។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវនិងទឹកជំនន់ ។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់ ។ ស្ថានីយជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង ។ល។  ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន ។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូក ។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន) ។មនុស្សចេះត្បាញ គេរករកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស ។គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យ មានកងដៃនិងខ្សែកជាដើម ។


អរិយធម៌អូស្ត្រូអាស៊ី
តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌អូស្ត្រូអាស៊ី ។ តើអ្វីទៅជាអរិយធម៌អូស្ត្រូអាស៊ី?
អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេសឥណ្ឌា ណូវីល-ហ្គីណេ និងចិនខាងត្បូង (ចាប់ពីទន្លេយ៉ាងសេចុះក្រោម) ។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲឈ្មោះថាអរិយធម៌អូស្ត្រូអាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ ។ ដោយលោកA.M Hocart (អេមហូកាត)និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ ។ ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲសម្មតិកម្មពីរ៖
អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយរឺច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់ ។
ខ្លះទៀតយល់ថាពួកទ្រាវិឌរឺអារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូងរឺខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde) ។ គោសំខាន់នៃអរិយធម៌អូស្ត្រូអាស៊ីគឺ៖
១.សម្ភារៈ
ចេះធ្វើស្រែវស្សា
ចេះវិធីបញ្ចូលទឹកក្នុងស្រែ
ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
ចេះស្លលោហធាតុ
ស្ទាត់ជំនាញខាងនាវាចរណ៍: អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀត ទំនាក់ទំនងសំអាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសានិងរបាំប្រពៃណី ។ មូលហេតុបផ្សព្វផ្សាយដូច្នេះមកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវ ។
២.សង្គមកិច្ច
គេនិយមទុកស្ត្រីជាធំរឺគេហៅថាមាតាធិបតេយ្យ និងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ ។ តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំប្រទេស ព្រះនាងលីវយីជាភស្តុតាងស្រាប់ ។ ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រីមានសិទ្ធិអាចទុកដាក់ និងចែកទ្រព្យសម្បត្តិ និយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេ គឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមា ទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន ។ បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ អាចឡើងសោយរាជ្យពីព្រះបាទហសិវរ្ម័នទី៤ ដោយសារតែព្រះអង្គមានបិតាព្រះនាមមហេន្ទ្រវរ្ម័ននៅភវបុរ (ចេនឡាដីគោក) និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្សទើបអាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន ។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើន គេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច ។ ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់របស់តួនាទីធំលើសគេ ដូចជាមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ ។ល។ ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។ ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែ ទំនងមកពីពាក្យ ក + មេ ដូចមានការវិវត្តខាងក្រោម៖
ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ
ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲពាក្យណាមួយកាន់តែច្បាស់ឡើង ឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា) ។ កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង ។ បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិ ហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរ មកដល់សព្វថ្ងៃនេះទៅ ។ នេះជាភស្តុតាងដែលយើងខុសពីចិននិងឥណ្ឌាដែលនិយមបិតាធិបតេយ្យ ។
៣.ជំនឿ
មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត ។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ ។ ពេលគេកប់គេតែងប្រដាប់ប្រដារបស់មនុស្សស្លាប់ឲទៅ ជាមួយដើម្បីឲប្រើប្រាស់របស់ទាំងនោះតទៅទៀត ។ ដូចខ្មែរសម័យឥឡូវដែរនៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់ ។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲសពអង្គុយ ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូនអ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចំការនៅឡើយ ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេ តែវាអាចសម្របទៅជាមួយអ្នកស្រុកដើមខ្មែរបាន ។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា ។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម ។ ដោយសារតែទស្សនៈបែបនេះហើយទើបឲមានក៏កសាងប្រាសាទភ្នំ អេតណូវិទូដូចលោកខ្វារីត ឆេះ វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲភ្នំ ឯលិង្គតំណាងឲអ្នកតានេះឯង ។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់ ។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល ។
៤.ភាសា
ភាសាគេបង្កើតពាក្យដោយប្រើបទដើម (prefixes) បទជ្រែក (infixes)និងបទចុង (suffixes) ។ ចំពោះខ្មែរយើងបទដើមនិងបទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់ ។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
-ភាសាខ្មែរ
ព + យល់ > ពន្យល់
ប + ដើរ > បណ្ដើរ
គិត > គំនិត (គ + ន + ិ + ត)
កាយ > កំណាយ (ក + ណ + ា + យ)
-
ភាសាមន
គេត (វិល) > បៈគេត (បង្វិល)
គើ (ឆេះ) > ពគើ (បញ្ឆេះ)
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) > កម្លូត (ចោរ)

ទេវកថា
នាគ (ទេវកថា) គឺជារឿងព្រេងរបស់កម្ពុជាដែលពួកនាគគឺជាអម្បូរពូជសាសន៍នៃឧរង្គសត្វ (ពស់) ដែលជាម្ចាស់អាណាចក្រ រឺ នគរដ៏ធំមួយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចនេះ ។ បុត្រីស្ដេចភុជង្គនាគបានរៀបអភិសេកជាមួយព្រះមហាក្សត្រ ហើយបានផ្ដល់នូវការបង្កើតឡើងប្រជាជនខ្មែរ ។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាបាននិយាយថាពួកគេ កើតពីពួកនាគ ។
នគរភ្នំ (ហ៊្វូណន)
អត្ថបទលំអិត: នគរភ្នំ
នៅប្រហែលគ្នាដែរនោះ អឺរ៉ុបខាងលិចកំពុងស្រូបជញ្ជក់យកវប្បធ៌មនិងស្ថាប័នបុរាណនានានៃពួកមេឌីទែររ៉ានេ ពួកមនុស្សនៃ និងអាស៊ីគ្នេយ៍ដីគោកនិងដីកោះកំពុងតែឆ្លើយតបទៅនឹងការជំរុញនៃអរិយធ៌មមួយ ដែលបានងើបឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុននេះ ។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា ។ សាសនាវេទនិងហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗ ជាធាតុទាំងមូលនៅក្នុងវប្បធ៌មអាស៊ីអាគ្នេយ៍ក្នុងតំបន់ ។ ប្រព័ន្ធវណ្ណៈមិនដែលត្រូវបានសម្របឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲមានការកើតឡើង នូវរដ្ឋកណ្ដាលដែលជាអង្គការថ្នាក់ខ្ពស់ ។
ហ៊្វូណន ជាដើមដំបូងបង្អស់នៃរដ្ឋឥណ្ឌូបនីយកម្មនានា ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ ។ ដោយបានស្ថាបនានៅក្នុងសតវត្សទី១ ហ៊្វូណនស្ថិតនៅលាតសន្ធឹងនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម នៅអ្វីដែលឥឡូវនៅឯកម្ពុជាអាគ្នេយ៍ និងហួសទៅភាគខាងត្បូងនៃវៀតណាម ។ រាជធានីរបស់ហ៊្វូណន វ្យាធបុរៈ ដែលប្រហែលស្ថិតនៅក្បែរកូនក្រុងបាណាមនៅខេត្តព្រៃវែង ។ ឯកសារប្រវត្តិសាស្ត្រដើមដំបូងបង្អស់របស់ហ៊្វូណនគឺជាការពិព៌ណនា នៃបេសកកម្មរបស់ជនជាតិចិន ដែលបានមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣ ។ ឈ្មោះហ៊្វូណនគេមានជំនឿយ៉ាងទូលំទូលាយថាបានដកចេញពីពាក្យខ្មែរបុរាណ 'វ្នំ' មានន័យថាភ្នំ ។ ពួកមនុស្សហ៊្វូណនទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង ។ អ្វីដែលអ្នកស្រុកហ៊្វូណនហៅខ្លួនឯង យ៉ាងណាក៏ដោយក៏នៅតែមិនទាន់ដឹង ។
កំលុងពេលដើមសម័យប្រវត្តិសាស្ត្រហ៊្វូណន ប្រជាជនប្រហែលជាប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប ។ ចរាចរណ៍និងគមនាគមន៍គឺត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកនៅតាមដងទន្លេ និងការហូរចាក់ទៅតំបន់ដីសណ្ដរបស់ទន្លេនេះ ។ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចពឹងផ្អែក លើការនេសាទត្រីនិងវប្បកម្មស្រូវ ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរភ្នំពឹងផ្អែក លើចំនួនស្រូវដ៏លើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចូលទឹកលើដីដ៏លាតសន្ធឹង ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីដ៏សំខាន់មែនទែនក្នុងការអភិវឌ្ឍរីកចំរើននៃនគរភ្នំ ហើយស្លាកស្នាមសេសសល់នៃអ្វីមួយដែលគេជឿថាជាកំពង់ផែដ៏សំខាន់នៃនគរ នោះគឺអូរកែវ (ឥឡូវគឺភាគមួយនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូម៉ាំងដូចគ្នានឹងវត្ថុបុរាណផឺសៀ ឥណ្ឌានិងក្រិចដែរ ។
នៅសតវត្សទី៥ រដ្ឋនេះបានប្រើកម្លាំងគ្រប់គ្រងលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប ។ ផងដែរក៏បានបញ្ជាឲមានសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលឥឡូវបានដល់កម្ពុជាខាងជើង ឡាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតម្កើង ដោយការបង្កើនទំនាក់ទំនងជាមួយអនុទ្វីបតាមរយៈការធ្វើដំនើរនៃពួកឈ្មួញ អង្គទូតនិងរៀនពីពួកព្រាហ្មណ៍ ។ ។ នៅចុងសតវត្សទី៥ វប្បធ៌មរបស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង ។ ពិធីការក្នុងសវនាការនិងសំណង់ស្ថាប័ននយោបាយគឺត្រូវយកគំរូតាមឥណ្ឌា ។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ងទូលំទូលាយ ច្បាប់មនុស្ស ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌា ត្រូវបានដាក់ឲប្រើតាម និងអក្ខរក្រមពឹងផ្អែកលើប្រព័ន្ធសំនេររបស់ឥណ្ឌាត្រូវបានដាក់បញ្ចូល ។ជាការផ្ដើមនូវដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជម្លោះរាជវង្សធ្វើឲអន្តរាយ ដល់ចេរភាពរបស់នគរភ្នំ ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យ គឺចេនឡា បានចាប់ផ្ដើមបង្កើនអំណាចរបស់ខ្លួន និងដោយស្ថានការផ្សេងតាំងពីមុនមកត្រូវបានសម្រេចឡើង តាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រភ្នំត្រូវបានលេបត្របាក់ ដោយនគរចេឡាខ្មែរនិងប្រែក្លាយរដ្ឋចំណុះដោយខ្លួនឯង ។ នគរភ្នំបានបាត់បង់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧ ។


ចេនឡា

ប្រជារាស្ត្រចេនឡាគឺខ្មែរនេះឯង ហើយដែលបានសរសេរជាអក្សរខ្មែរ ដែលផ្ទុយពីទំនៀមទំលាប់របស់នគរភ្នំដែលសរសេរជាសំស្ក្រឹត ។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរភ្នំ ។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្នំ គឺព្រះបាទស្រុតវរ្ម័ន ។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវរ្ម័ន បានលុកលុយនគរភ្នំ ដែលបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា ។ ភ្លាមៗពួកគេបានបង្កើតឡើងអំណាចគ្រប់គ្រងលើនគរភ្នំ ដោយពួកគេបានចេញដំនើរលើដំណាក់កាល នៃការសញ្ជ័យដែលបានបន្តអស់រយៈបីសតវត្ស ។ ពួកគេបានធ្វើឲរាបទាបឡាវកណ្ដាល និងឡើងខាងលើ ដោយបានបញ្ចូលផ្នែកខ្លះនៃដីសណ្ដទន្លេមេគង្គ និងយកអ្វីដែលឥឡូវកម្ពុជាខាងលិច និងថៃខាងត្បូងឲមកនៅក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់ ។នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវរ្ម័នបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបចំរៀបអភិសេក ហើយព្រះបាទឦសានវរ្ម័ន ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ៦១៦ ហើយបានផ្លាស់រាជធានីថ្មី ដែលតាមរយៈអ្នកនិពន្ធចិនគឺត្រូវបានតាំងលំនៅដោយគ្រួសារ២ម៉ឺនគ្រួ ។ តាមរយៈវប្បធ៌ម គ្រួសាររាជវង្សចេនឡាបានថែរក្សាឲគង់វង្សនូវស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរភ្នំតាំងពីដើមដំបូងម្ល៉េះ ដូច្នេះក៏បានថែរក្សានូវធាតុសំខាន់ជាច្រើនដែលបានហូរចូលមកពីឥណ្ឌា ។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងគេលើសាសនាដ៏ទៃៗទៀត ដែលនាំមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ ។
នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបក្សពួកនៅក្នុងរាជវាំងចេនឡាជាលទ្ធផល ក្នុងការបែកបាក់នគរទៅជាគូរសត្រូវនឹងគ្នាពាក់កណ្ដាលទៅខាងជើង និងពាក់កណ្ដាលទៀតទៅខាងត្បូង ។ តារយៈពង្សាវតារចិន ទាំងពីរខាងត្រូវបានគេស្គាល់ថាជាចេនឡាដីគោក (ប៉ែកខាងលើ) និងចេនឡាទឹកលិច (ប៉ែកខាងក្រោម) ។ ចេនឡាដីគោកបានថែរក្សាស្ថេរភាពនឹងនរបើប្រៀបធៀបទៅ ក៏ប៉ុន្តែចេនឡាទឹកលិចបានទទួលរងនូវការចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដ៏ទៃផ្សេងទៀត ។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានខិតខំយ៉ាងសកម្មដើម្បីបង្កើនអំណាចលើទឹកដីរបស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ ។ អ្នកមានជ័យជំនះចុងក្រោយនៅក្នុងជម្លោះ ដែលក្រោយមកគឺព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ ។ តាមការសន្មតនៃរាជបល្ល័ង្កគឺជាព្រះបាទជ័យវរ្ម័នទី២ (រ.៨០២-៨៥០) បានសង្កត់លើការរំដោះប្រជាជាតិខ្មែរចេញពីអំណាចរបស់ជ្វា ហើយក៏បានផ្ដើមឡើងនៃអាណាចក្រខ្មែរ ។

សម័យអង្គរ
អត្ថបទលំអិត: អាណាចក្រខ្មែរ

អក្សរខ្មែរបុរាណ
សម័យអង្គរ រឺ អាណាចក្រខ្មែរបានបន្តពីដើមសតវត្សទី៩រហូតដល់សតវត្សទី១៥ ។ តាមលក្ខណៈនៃស្នាដៃខាងវប្បធ៌ម និងមហាអំណាចខាងនយោបាយ នេះគឺជាយុគមាសនៃអរិយធ៌មខ្មែរ ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ បានតាំងនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះ គឺវិមានដែលបន្តនូវកិត្យានុភាពនៃអ្នកស្នងរាជ្យបន្តបន្ទាប់ ពីព្រះបាទជ័យវរ្ម័នទី២ ។ (ទោះបីជាពួកខ្មែរក្រហម ជាអ្នកក្រឡេកឃើញនូវប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនភាគច្រើនដោយការមិនស្វាគមន៍ក៏ដោយ ក៏បានសម្របយកប្រាសាទអង្គររចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យរបស់ខ្លួនដែរ ។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរក៏ឃើញមាននៅលើទង់ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែរ (PRK) ។ នគរបានស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី២ ដែលបានឲឈ្មោះថាកម្ពុជានាសម័យទំនើបនេះ ជាឈ្មោះរបស់នគរ ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបានស្គាល់ថាកាំ-ពុ-ចា ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធមួយនៃឥណ្ឌាដើមខាងជើង ពីអ្វីដែលជាទម្រង់ថ្មីនៃឈ្មោះដែលត្រូវគេយកមកប្រើ ។
ទំនងជានៅឆ្ងាយរវាងព្រះអង្គនិងពួកជ្វាដែលនៅតាមសមុទ្រ ព្រះបាទជ័យវរ្ម័នទី២ស្ថិតនៅខាងជើងនៃបឹងទន្លេសាប ។ ព្រះអង្គបានកសាងរាជធានីជាច្រើនមុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ស្មុគស្មាញនានានៃអង្គរត្រូវបានសាងសង់ឡើង ។ ឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរឆ្ងាយមកភាគខាងលិនខ្ពង់រាបគោរាជ (កូរ៉ាត) នៅក្នុងប្រទេសថៃ ហើយព្រះអង្គបានចេញរាជបញ្ជាឲមាកការកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវ ការបង្ហូរទឹកសំរាប់ការដាំដុះស្រូវលិចទឹក ។ បុត្រារបស់ព្រះអង្គ យសោវរ្ម័នទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត (ជលដ្ឋាន រឺ អាងទឹក) ដែលជាភស្តុតាងដែលសេសសល់មកដល់សម័យបច្ចុប្បន្ននេះ ។ ទំនប់របស់វា ដែលប្រហែលជាគេអាចឃើញសព្វថ្ងៃនេះ គឺមានប្រវែងវែងជាង៦គីឡូម៉ែត្រ និងទទឹង១.៦គីឡូម៉ែត្រ ។ ប្រព័ន្ធប្រឡាយទឹកយ៉ាងខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១និងអ្នកស្នងរាជ្យបន្តបន្ទាប់ពីព្រះអង្គ ដែលគឺជាគន្លឹះដល់ភាពរុងរឿងសំរាប់រយៈពេលកន្លះសហវត្សនេះ ។ ដោយអ្នកស្រែចំការមានសេរីភាពពីការពឹងផ្អែកលើខ្យល់មូសុងរដូវ ដែលមិនអាចពឹងផ្អែកបាន ពួកគាត់បានធ្វើឲមានលទ្ធផលឡើងនូវបដិវត្តន៍បៃតងនៅពេលដំបូង ដែលផ្ដល់ឲប្រទេសនេះជាមួយស្រូវដ៏ច្រើនលើសលប់ ។ កាធ្លាក់ចុះនៃកម្ពោជ អំឡុងសតវត្សទី១៣និង១៤ ប្រហែលជាត្រូវបានជំរុញយ៉ាងលឿនដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក ។ ការវាយលុកពីថៃនិងប្រជាជាតិបរទេសដ៏ទៃ និងជម្លោះផ្ទៃក្នុងបង្កដោយគូរសត្រូវនៃរាជវង្សបានបង្វែរឲធនធានមនុស្សជាច្រើនពីការថែរក្សាប្រព័ន្ធនេះ និងធ្វើឲវាធ្លាក់ចុះទ្រុឌទ្រោមបន្តិចម្ដងៗ ។
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ បានពង្រីកទឹកដីនគររបស់ព្រះអង្គ នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ប្រឆាំងនឹងនគរចាម្ប៉ានៅភាគកណ្ដាលវៀតណាម និងអង្គការនយោបាយមនតូចៗមកភាគខាងលិចឆ្ងាយមក ដល់ទន្លេឥរាវតី (Irrawaddy)នៃភូមា ។ ព្រះអង្គបានបន្ធូរបន្ថយដល់ចំណុះភាពប្រជាជាតិថៃ ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ពីតំបន់យូណាននៃភាគខាងត្បូងប្រទេសចិន និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេទៀត ។ ការសម្រេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់ នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទនៃអង្គរវត្ត ។ មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍ ។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែលព្រះបាទសូរ្យវរ្ម័នទី២ត្រូវសុគតក្នុងសមរភូមិដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត ។ ជាមួយនិងការឧបត្ថម្ភរបស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា ។ រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី២ គឺមិនបានគាប់ល្អសោះ ក្រោយមកទៀតបន្តដោយភាពចលាចលរាជវង្សសាបសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលជាអ្នកបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧ ។

ខ្មែរកាន់អាវុធជាមួយ និងដំរីចម្បាំងបានរុញច្រានពួកចាមចេញ នៅក្នុងសតវត្សទី១២ ។
ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨)បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា ។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជ័យវរ្ម័នទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន ។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់បញ្ចូលនូវភាពមមាញឹក នៃសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲកត់សំគាល់ប៉មថ្មជាច្រើន របស់ប្រាសាទបានពិព៌ណនាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា ។ ទ្រង់ក៏បានសាងដែរនូវសាលាឆទាន២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ ។ ដូចព្រះចៅអធិរាជរ៉ូម៉ាំងដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូ ចច សឺដិស គ្មានស្ដេចកម្ពុជាផ្សេងៗអះអាងពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ ។ ជាញឹកញាប់ គុណភាពសម្រាប់ហេតុផលនៃទំហំ និងសំណង់យ៉ាងលឿន តាមពេលនោះត្រូវបានសំដែងឲដឹងនូវការព្រួយបារម្ភ ក៏ប៉ុន្តែបាយ័នបានសង់ឡើងមិនសូវបានល្អសោះ ។
ចម្លាក់បង្ហាញថាសំណង់នៃអង្គរប្រចាំថ្ងៃគឺជាសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ទាំងនោះដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះ ។ សំណង់ថ្មដែលគួរឲចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនាដែលប្រារព្ធលក្ខណៈអាទិទេព រឺ ភាពជាព្រះពុទ្ធ នៃមហាក្សត្រនិងព្រះញាតិវង្ស ។ លោកសឺដិសបានឲយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសាន ។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ ។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក និងគោបុរៈពិព៌ណនាពីមហាសមុទ្រលោកធាតុ ។ ដូចនឹងមហាគ្រឹះបុរាណដ៏ទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល ។
សង្គមអង្គរគឺប្រកបដោយឋានុក្រមតឹងរឹង ។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ ។ បន្តបន្ទាប់ខាងក្រោមព្រះមហាក្សត្រ និងព្រះញាតិវង្សគឺភាពជាព្រាហ្មណ៍និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល៤,០០០នាក់នៅសតវត្សទី១០ ។ បន្ទាប់មកទៀតគឺជនសាមញ្ញ ជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំនែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម) ។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានក៏សាងវិមានប្រាសាទនានាជារៀងរហូតមក ។
បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត ។ ពួកថៃគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ ។ ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាចេញពីប្រទេសស្រីលង្កាតាមផ្លូវនៃនគរមកខ្លះ បានប្រជែងនឹងព្រហ្មញ្ញសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនាមហាយាន ។ ដោយទេសនានូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើតឡើងដ៏ស្ដុកស្ដម្ភរបស់ព្រះរាជា ដែលត្រូបានថែរក្សាតាមរយៈទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ពិតមែននោះទេ ។
នៅឆ្នាំ១៣៥៣កងទ័ពថៃមួយទ័ពបានកាន់កាប់អង្គរបាន ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសារ ។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរឡាវលានជាង ។ ក្នុងឆ្នាំ១៤៣១ ពួកថៃបានកាន់កាប់អង្គរធំ ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនបានដាក់ជារាជធានីម្ដងទៀតទេ ត្រាតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦ ។



កំណត់ត្រានានា
1.
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
2.
សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
3.
ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
4.
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
5.
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
6.
ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣
ប្រភពឯកសាៈhttp://www.dhamma4khmer.com/

No comments:

Post a Comment